ការពង្រីកគោលនយោបាយ ប្រឆាំងការយាយីរបស់អ្នកប្រើប្រាស់យូធូបជួយដល់កម្ពុជា
ភ្នំពេញៈ មន្ត្រីកម្ពុជាថ្លែងថា ការពង្រីកបន្ថែមទៀតនូវគោលនយោបាយប្រឆាំងនឹងការយាយីរបស់អ្នកប្រើប្រាស់បណ្តាញសង្គមយូធូបទាក់ទងនឹងការជេរប្រមាថដោយផ្អែកលើការរើសអើងពូជសាសន៍ និងអត្តសញ្ញាណយេនឌ័រនាពេលថ្មីៗនេះបានជួយដល់កម្ពុជា ខណៈបញ្ហានេះនៅតែមានការកើនឡើងដែលមិនអាចគ្រប់គ្រងបាន ដោយសារតែកម្ពុជាមិនមានច្បាប់គ្រប់គ្រង។ កាលពីថ្ងៃទី ១១ ខែធ្នូ ក្រុមហ៊ុន យូធូបបានប្រកាសជាថ្មីពីការពង្រីកគោលនយោបាយប្រឆាំងការយាយីរបស់ខ្លួនទាក់ទងនឹងការហាមប្រាមនូវការគំរាមកំហែង រួមមានការជេរប្រមាថដោយផ្អែកលើពូជសាសន៍ អត្តសញ្ញាណយេនឌ័រ ឬនិន្នាការភេទ។ នេះបើយោងតាមសារព័ត៌មាន AFP News ដែលបានដកស្រង់សម្ដី លោក Matt Halprin ប្រធានទំនុកចិត្ត និងសុវត្ថិភាពសកលរបស់ក្រុមហ៊ុន យូធូប។ លោក Matt Halprin ថ្លែងថា កន្លងទៅ យូធូប បានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីប្រឆាំងជាមួយនឹងអ្នកប្រើប្រាស់របស់ខ្លួនទៅនឹងការបង្ហោះនូវមាតិកាថ្លែងពីការធ្វើអំពើហិង្សាចំពោះបុគ្គល ឬភាសាដែលបង្ហាញថា អំពើហិង្សាលើរាងកាយអាចនឹងកើតឡើងនៅលើបណ្តាញសង្គមយូធូបរបស់ខ្លួន។