ការពង្រីកគោលនយោបាយ ប្រឆាំងការយាយីរបស់អ្នកប្រើប្រាស់យូធូបជួយដល់កម្ពុជា
ភ្នំពេញៈ មន្ត្រីកម្ពុជាថ្លែងថា ការពង្រីកបន្ថែមទៀតនូវគោលនយោបាយប្រឆាំងនឹងការយាយីរបស់អ្នកប្រើប្រាស់បណ្តាញសង្គមយូធូបទាក់ទងនឹងការជេរប្រមាថដោយផ្អែកលើការរើសអើងពូជសាសន៍ និងអត្តសញ្ញាណយេនឌ័រនាពេលថ្មីៗនេះបានជួយដល់កម្ពុជា ខណៈបញ្ហានេះនៅតែមានការកើនឡើងដែលមិនអាចគ្រប់គ្រងបាន ដោយសារតែកម្ពុជាមិនមានច្បាប់គ្រប់គ្រង។
កាលពីថ្ងៃទី ១១ ខែធ្នូ ក្រុមហ៊ុន យូធូបបានប្រកាសជាថ្មីពីការពង្រីកគោលនយោបាយប្រឆាំងការយាយីរបស់ខ្លួនទាក់ទងនឹងការហាមប្រាមនូវការគំរាមកំហែង រួមមានការជេរប្រមាថដោយផ្អែកលើពូជសាសន៍ អត្តសញ្ញាណយេនឌ័រ ឬនិន្នាការភេទ។ នេះបើយោងតាមសារព័ត៌មាន AFP News ដែលបានដកស្រង់សម្ដី លោក Matt Halprin ប្រធានទំនុកចិត្ត និងសុវត្ថិភាពសកលរបស់ក្រុមហ៊ុន យូធូប។
លោក Matt Halprin ថ្លែងថា កន្លងទៅ យូធូប បានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីប្រឆាំងជាមួយនឹងអ្នកប្រើប្រាស់របស់ខ្លួនទៅនឹងការបង្ហោះនូវមាតិកាថ្លែងពីការធ្វើអំពើហិង្សាចំពោះបុគ្គល ឬភាសាដែលបង្ហាញថា អំពើហិង្សាលើរាងកាយអាចនឹងកើតឡើងនៅលើបណ្តាញសង្គមយូធូបរបស់ខ្លួន។
ជាថ្មីទៀតលោក Matt បានបញ្ជាក់ថា៖ «យើងនឹងមិនអនុញ្ញាតឱ្យមានមាតិកាដែលជេរប្រមាថនរណាម្នាក់ដោយព្យាបាទដោយផ្អែកលើលក្ខណៈការពារ ដូចជាពូជសាសន៍ ការបង្ហាញភេទ ឬនិន្នាការភេទ។ នេះអនុវត្តចំពោះមនុស្សគ្រប់រូបចាប់ពីបុគ្គលឯកជន រហូតដល់អ្នកបង្កើត YouTube រហូតដល់មន្ត្រីសាធារណៈ»។
ជាមួយនឹងការប្រកាសជាថ្មីនេះលោក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីទី ១៦ ខែធ្នូថា វារឿងប្រសើរណាស់ដែលក្រុមហ៊ុន យូធូប បានបន្ថែមនូវការហាមប្រាមយ៉ាងតឹងរ៉ឹងបន្ថែមទៀត ទាក់ទងនឹងការជេរប្រមាថ និងការរើសអើងពូជសាសន៍រួមទាំងនិន្នាការភេទ។
លោកបន្ថែមថា៖ «គេដាក់មកអ៊ីចឹង គឺល្អហើយធ្វើឲ្យអ្នកប្រើប្រាស់ គេដឹង គាត់កាន់តែមានការប្រុងប្រយ័ត្ន និងប្រឈមនឹងការលុបចោលរបស់ក្រុមហ៊ុនដែលគេមានច្បាប់របស់គេ ដែលត្រូវតែអនុវត្ត ព្រោះយូធូបមិនមែនរបស់យើងផង»។
ជាមួយនឹងការគាំទ្រលោក ជា ពៅ ក៏រំពឹងថាការហាមប្រាមនេះនឹងអាចជួយទប់ស្កាត់អ្នកប្រើប្រាស់ដែលតែងតែយកមាតិកាទាំងនេះយកមកវាយប្រហារគ្នា ទាក់ទងនឹងបញ្ហាពូជសាសន៍ និងនិន្នាការភេទស្របពេលប្រទេសកម្ពុជាក៏កំពុងតែប្រឈមផងដែរ។
លោកបន្ថែមថា៖ «អ្នកដែលប្រើប្រាស់នៅកម្ពុជាមានច្រើនណាស់ ហើយពេលគេមានអារម្មណ៍មិនសប្បាយចិត្តហ្នឹងអ្នកណាម្នាក់ គេបង្ហោះសារវាយប្រហារយើង អ៊ីចឹងទៅ។ គេរឹតបែបហ្នឹងល្អហើយជួយកាត់បន្ថយ និងការពាររឿងជេរប្រមាថហ្នឹងដែលប្រឆាំងនឹងការវាយប្រហារផ្នែកកិត្តិយស ជាពិសេសការប្រកាន់ពូជសាសន៍ហ្នឹង»។
រហូតមកដល់ពេលនេះកម្ពុជាមិនទាន់មានច្បាប់ណាមួយ សម្រាប់គ្រប់គ្រងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដូចជាហ្វេសប៊ុក ឡាញ ធ្វីធើរ និងយូធូបនោះទេ ខណៈដែលក្រសួងព័ត៌មានក៏មិនមានគោលការណ៍ក្នុងការបង្កើតច្បាប់សម្រាប់គ្រប់គ្រងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនេះដែរ។ នេះបើតាមលោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មានបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារ។
លោកបញ្ជាក់ថា៖ «យើងចង់ផ្តល់លំហូរសេរីភាពដល់ប្រជាពលរដ្ឋយើងក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដូច្នេះមិនមានគោលការណ៍ណាមួយនឹងបង្កើតច្បាប់ទេ។ ប៉ុន្តែយើងព្យាយាមសហការជាមួយបណ្តាញទាំងនោះ ដូចហ្វេសប៊ុកជាដើមថា ប្រជាពលរដ្ឋយើង គួរធ្វើអ្វីបាន មិនគួរធ្វើអ្វីបានដើម្បីផ្សព្វផ្សាយដល់ពួកគាត់ដែលបង្ហោះយ៉ាងម៉េចកុំឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ»។
លោកបន្តថា៖ «យើងក៏មាននិន្នាការដូចគ្នាដែរ ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងព័ត៌មាន ជេរប្រមាថ ដែលធ្វើឲ្យមានបញ្ហាដល់លំហូរនៃព័ត៌មាន និងអាប់ឱននូវកិត្តិយសរបស់អ្នកដទៃ ព្រោះតែបណ្តាញទំនាក់ទំនងសង្គមនេះរាល់ថ្ងៃធ្វើឲ្យប៉ះពាល់ខ្លាំង។ ដូច្នេះការទប់ស្កាត់របស់ក្រុមហ៊ុនខ្លួនឯងនេះគឺល្អម្យ៉ាងដែរ យើងគាំទ្រដែលគាត់ (យូធូប) គិតគូរខ្លួនឯងសម្រាប់តម្រូវការរបស់មនុស្សជាទូទៅ»។
ប៉ុន្តែយ៉ាងណាក្តី ដើម្បីទប់ស្កាត់នូវបទល្មើសផ្សេងៗលើបណ្តាញបច្ចេកវិទ្យាទាំងនេះ ក្រសួងមហាផ្ទៃកំពុងរៀបចំ និងពិនិត្យលើច្បាប់មួយចំនួនដូចជាសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មានជាដើមក្នុងគោលបំណងធានាសុចរិតភាពនៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធទិន្នន័យ និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈផងដែរ។
តាមការបញ្ជាក់របស់ក្រុមហ៊ុន យូធូបនៅឆ្នាំនេះក្រុមហ៊ុនបានបញ្ឈប់នូវការផ្តល់អនុសាសន៍ជាប្រភេទវីដេអូប្លែកៗជាច្រើនដែលបានអះអាងខុសពីការពិតដូចជាការអះអាងដែលថា ផែនដីមានរាងសំប៉ែត ឬលើកកម្ពស់ទ្រឹស្តីក្លែងក្លាយជាដើម។ ជាមួយនឹងការព្រមានប្រឆាំងនឹងបម្រាមរបស់ខ្លួនដែលបានដាក់ចេញនៅក្នុងគោលនយោបាយជាបន្តបន្ទាប់នេះក្រុមហ៊ុនយូធូបបានលើកឡើងថា ក្រុមហ៊ុនមានសិទ្ធិគ្រប់គ្រាន់លើឆានែលទាំងនោះដោយការដកចេញ ឬរហូតដល់មានវិធានការធ្ងន់ធ្ងរបំផុតគឺការផ្អាក ឆានែលឈប់ឲ្យប្រើប្រាស់តែម្តង៕ phnom penh post
Comments
Post a Comment