អ្នកប្រវត្តិសាស្ត្រនិងអ្នកវិភាគ៖ទសពិរាជធម៌នៃព្រះបាទជ័យវរ្ម័នទី៧គួរមេដឹកនាំបច្ចុប្បន្នយកមកប្រតិបត្តិ

សម្រាប់ពលរដ្ឋខ្មែរ គ្មានអ្នកណាម្នាក់អាចបំភ្លេចបានឡើយនូវព្រះបរមនាមព្រះមហាក្សត្រខ្មែរមួយព្រះអង្គ ដែល គួរឲ្យកោតស្ញប់ស្ញែង គឺព្រះបាទជ័យវរ្ម័នទី៧។ ព្រះអង្គជាមហាក្សត្រល្បីល្បាញ ក្នុងសម័យកាលដ៏រុងរឿងបំផុតនៃប្រវត្តិសាស្ត្រខ្មែរ សតវត្សទី១២ ។ ព្រះបរមនាម និងស្នាព្រះហស្ថរបស់ព្រះអង្គល្បីរន្ទឺមិនត្រឹមតែនៅក្នុងកម្ពុជាទេ ប៉ុន្តែធ្វើឲ្យរញ្ជួយខ្ទរខ្ទារដល់អ្នកប្រវត្តិវិទូល្បីៗនៅលើពិភពលោកថែមទៀត។ ព្រះអង្គជាស្ដេចប្រកាន់ភ្ជាប់នូវ ទសពិធរាជធម៌​ ដើម្បីនគរ  ដើម្បីរាស្ត្រ និងមន្ត្រីថ្នាក់ក្រោម។ ព្រះអង្គជាស្ដេចមានស្នាដៃក្នុង​ការបង្រួប​បង្រួម​ជាតិ ការពារជាតិយ៉ាងខ្លាំង។​អ្នកប្រវត្តិសាស្ត្រ​និង អ្នក​ស្រាវជ្រាវ កិច្ចការសង្គមនិងនយោបាយ បានហៅព្រះអង្គថា ជាស្ដេច​មួយ​អង្គដែលមាន​គុណ​បំណាច់មិនអាចភ្លេចបានឡើយ។ ពួកគាត់បានទទូចឱ្យមេដឹក​នាំខ្មែរ​បច្ចុប្បន្ន​ ដើរតាម​គន្លង​នៃ​ទសពិធរាជធម៌របស់ព្រះអង្គគឺដើម្បី ការឯកភាពជាតិ ប្រកប​ដោយ​ការអធ្យា​ស្រ័យ។
ទសពិធរាជធម៌​ មាន ១០​យ៉ាង​ គឺ​ធម៌​ ១០​ ប្រការ​ សម្រាប់​ព្រះរាជា​ទ្រង់​ប្រព្រឹត្ត​ ព្រមទាំង​ណែនាំ​ពួក​សេនាបតី​មន្ត្រី​ធំ​តូច​និង​​រាស្ត្រប្រជា​ឲ្យ​ប្រព្រឹត្ត​ផង​។​ ​
ទសពិធរាជធម៌​នៃ​អ្នកដឹកនាំ​មាន​ដូច​ជា​៖
១-​ទានៈ​ គឺ​ ការ​ធ្វើ​អំណោយ​
២-​សីលៈ​ គឺ​ការ​រក្សាសីល​ ៥​ ជា​និច្ច​ ឬ​រក្សាសីល​ ១០​ មួយ​ដង​មួយ​កាល​
៣-​បរិច្ចាគៈ​ គឺ​ ការ​ចំណាយ​ព្រះរាជ​ទ្រព្យ​ទំនុកបម្រុង​ប្រទេស​ជាតិ​
៤-​អាជ្ជវៈ​ គឺ​ មាន​សេចក្ដី​ត្រង់​
៥-​ម​ទ្ទ​វៈ​ គឺ​ មាន​សេចក្ដី​ទន់ភ្លន់​ស្លូត​សុភាព​រាបសា​
៦-​តបៈ​ គឺ​ ការ​កាន់​ឧបោសថសីល​តាម​កាលកំណត់​ម្ដងៗ
៧-​អ​ក្កោ​ធនៈ​ គឺ​ ការ​មិនធ្វើឱ្យអ្នកដទៃ​ក្ដៅក្រហាយ​ ​
៨-​អវិហឹសា​ គឺ​ ការ​មិន​បៀតបៀន​អ្នក​ដទៃ​
៩-​ខន្តី​  គឺ​ការ​មាន​សេចក្ដី​អត់ធន់​
១០-​អវិរោធនៈ​ គឺ​ការ​មិន​បំពាន​លើ​ធម៌​លើ​ច្បាប់​ ។​
​អ្នកប្រវត្តិសាស្ត្រ ខ្មែរនិងបរទេស បានកត់ត្រា នូវ ទស្សនទាន របស់ព្រះបាទជ័យវរ្ម័នទី៧ ដោយភ្ជាប់ នឹង ទ្រឹស្ដី ទសពិធរាជធម៌​ របស់ព្រះអង្គមក ធ្វើការបកស្រាយ និងទទួចឱ្យ​មាន​ការយក​ប្រតិបត្តិ ដល់ រាស្រ្តនាសម័យនេះ។ អ្នកប្រវត្តិសាស្ត្រ និងអ្នកវិភាគ មើលឃើញថា ការដឹកនាំរបស់ព្រះបាទជ័យវរ្មនទី៧ ដែលមានអោយខ្មែរខ្លាំងនៅពេលនោះ គឺការអត់ឱន និងការ បង្រួបបង្រួមកម្លាំងជាតិ ក្រោមអំណាចនៃបារម៉ីតា និង ការខន្តីទាំង១០របស់ព្រះអង្គ។
ពួកគាត់ថា បើមេដឹកនាំធ្វើបាន គឺកម្ពុជាមានសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្តហើយប្រទេសមានការឯកភាពជាតិ ។ចំណែកប្រទេសជិតខាងក៏មិនប្រមាទ ខ្មែរ។
ក្នុង​បទសម្ភាសមួយជាមួយវិទ្យុស្រ្តី លោក ឯមសុវណ្ណារ៉ា អ្នកវិភាគនយោបាយកម្ពុជា បានបង្ហញទស្សនៈរបស់លោក អំពីាស្នាព្រះហស្ថរបស់ព្រះអង្គដែលមនុស្សខ្មែរគ្រប់ជំនាន់មិនអាចភ្លេចឡើយ។ ទស្សនៈដ៏ល្អបំផុតគឺ ទុក្ខរបស់រាស្ត្រគឺជាទុក្ខរបស់ព្រះអង្គដែរ។ តែលោកថា មេដឹកនាំខ្មែរ ជំនាន់នេះ មិនអាចធ្វើបានទេ។
និយាយពីទសពិធរាជធម៌ វិញ អ្នកវិភាគរូបនេះ បានទទួលស្គាល់ពីភាពដឹកនាំរបស់ព្រះអង្គ ដែលនាំអោយមានការឯកភាពជាតិ ។ លោកថាការអធ្យាស្រ័យរបស់មេដឹកនាំទៅថ្នាក់ក្រោម ទៅអ្នកនយោបាយ បក្សដទៃ និងពលរដ្ឋ គឺជាគុណបំណាច់មួយរបស់ព្រះអង្គ ដែលគួរអ្នកនយោបាយ ជំនាន់ក្រោយយកមកអនុវត្ត។
ព្រះបាទជ័យវរ្ម័នទី៧ ដើមឡើយឈ្មោះជ័យធន ប្រសូតប្រហែលនៅឆ្នាំ ១១២៥ ហើយព្រះអង្គឡើងគ្រងរាជ្យក្នុងគ.ស ១១៦២ ក្នុងចន្លោះសតវត្សទី១២ និងដើមសតវត្សទី១៣។ ក្នុងរជ្ជកាលរបស់ព្រះអង្គ ប្រទេសខ្មែរមានផ្ទៃនគរធំទូលាយខាងកើតទល់និងប្រទេសចាម ខាងត្បូងទល់និងសមុទ្រ ខាងលិចទល់និងភូមា ខាងជើងទល់និងប្រទេសចិន ។ភាពធំធេងនៃនគរខ្មែរ នាសម័យនោះ ពុំមែនជាលទ្ធផលនៃវាតទីនិយមទេ ព្រះអង្គគ្រាន់តែកាន់កាប់ដោយពង្រឹងតំបន់នានា ដែលជាអតីតទឹកដីខ្មែរតែប៉ុណ្ណោះ។
លោកសាស្ត្រាចារ្យប្រវត្តិសាស្ត្រេ ឌៀម សុផល បានហៅព្រះបាទជ័យវរ្ម័នទី៧ ជាស្ដេច​ចក្រព័ត្រា ។ លោកថាស្ដេចខ្មែរដ៏ល្បីល្បាយនេះ បានបន្សល់ទុកច្រើនណាស់នូវសម្បត្តិវប្បធម៌ ដល់មនុស្សខ្មែរគ្រប់ជំនាន់។
លោក ថា ព្រះអង្គជាស្ដេចមួយអង្គដែល អោយតម្លៃដល់ថ្នាក់ដឹកនាំ និងថ្នាក់ក្រោម។
ព្រះ​បាទ​ជ័យវរ្ម័នទី៧ ជា​ព្រះ​រាជា​ដ៏​មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​​ពូកែ​ចុង​ក្រោយ​នៃ​រាជាណាចក្រ​អង្គរ។
ព្រះអង្គជាស្តេចសឹកមួយអង្គដ៏ខ្លាំងពូកែ និងមានព្រហ្មវិហារធម៌ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ។ អ្នក​ប្រវត្តិសាស្រ្ត​អំពី​ប្រទេស​កម្ពុជា លោក អៃម៉ូនីញ៉េរ៍ (Aymonier) បាន​សិក្សា​ពី​ព្រះ​បាទ​ជ័យវរ្ម័នទី៧ និង​សន្និដ្ឋាន​ថា ជា​ក្សត្រ​បង្កើត​សម័យ​ដ៏​រុង​រឿង​បំផុតនៃ​ប្រទេសកម្ពុជា។ ការ​បង្រួប​បង្រួម​ជាតិ​របស់​ព្រះ​បាទ​ជ័យវរ្ម័នទី៧ បាន​ចាប់​ផ្តើម​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ សាលា​បារាំង​ចុង​បូព៌ា‌ ដោយ​សារ​លោក ល្វីស៍ ហ្វ៊ីណូត៍ (Louis Finot) នូវ​អត្ថបទ​សិលា​ចារឹក​សំស្រ្កឹត​មួយ ដែល​ប្រទះ​ឃើញ​ដោយ​លោក ហ្ស៊ក ម៉ាស្ប៉ឺរ៉ូ (Georges Maspero) នៅ​ត្រង់​សាយ​ហ្វុង (Say Fong) ជិត​ក្រុង​វៀង​ចន្ទន៍ ដែល​ផ្តល់​ព័ត៌‌មាន​ពី​ការ​ក​សាង​មន្ទីរ​ពេទ្យ​នៅ គ.ស ១១៨៦៕ WMC

Comments